ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត អញ្ជើញជួប​សំណេះសំណាល ជាមួយមន្ត្រីរាជការ និង​មន្ត្រី​ជាប់កិច្ចសន្យា ចំណុះសា​លាខេត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ខេត្តកំពត​៖កាលពីព្រឹកថ្ងៃសុក្រ​ ៧រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០១៩ ​ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអ​ធិប​តីភា​ពក្នុងពិធីសំណេះសំណាលជាមួយ​មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ចំណុះសាលាខេត្តកំពត ក្នុង​ឱកាសបុណ្យភ្ជុំបិណ្ឌ

ក្នុងពិធីនេះ ការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នា​យក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរអង្គភាពជំនាញជុំវិញខេត្ត កងកម្លាំង​ប្រដាប់​អាវុធទាំងបីប្រភេទ នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព មន្ត្រីរាជការ និងមន្ត្រី​ជាប់កិច្ចសន្យា ចំណុះសាលាខេត្តចំនួន២០០នាក់

ឯកឧត្តម ជាវ តាយ បាន​មានប្រសាសន៍ថាជារៀងរាល់ឆ្នាំ យើងបានបន្តប្រពៃណីជួបជុំមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ក្នុង១ឆ្នាំ២ដង គឺថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌ ហើយ​ថ្ងៃនេះ​ជាការជួបជុំក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ទន្ទឹមនេះ​រាជរដ្ឋាភិ​បាលក៏បាន​បើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមពី​លើ​ប្រាក់​បៀវត្សចំនួន៥ម៉ឺ​នរៀលផងដែរ។

ឯកឧត្តម បានកោតសរសើរចំពោះបងប្អូនមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ដែលកន្លងម​កបានរួបរួម​សាមគ្គីគ្នា ខិតខំបញ្ចេញ​អស់សមត្ថភាពជំនាញនីមួយៗ ដើម្បីបំពេញការងារជូន រដ្ឋបាលខេត្ត រហូត​សម្រេច​បានលទ្ធផលគួរជាទីគាប់ប្រសើរ

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ឯកឧត្តម អភិបាលខេត្ត បានផ្តល់ឧបត្ថម្ភថវិកាសរុបចំនួន ៧៦.៧០០.០០០រៀល ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា៖
១.ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាចំនួន២៥នាក់ ក្នុងម្នាក់ៗផ្តល់ជូនថវិកាចំនួន ៥០ម៉ឺនរៀល សរុប​ថ​វិកាចំនួន១២.៥០០.០០០រៀល។
២.មន្ត្រីរាជការចំនួន១៣១នាក់ ក្នុងម្នាក់ៗផ្តល់ជូនថវិកាចំនួន ៤០ម៉ឺ​នរៀល សរុបថវិកាចំនួន ៥២.៤០​០.០០០រៀល
៣.មន្ត្រីជាប់​កិច្ចសន្យាសាលាខេត្ត ចំនួន ៥៣ នាក់ក្នុងម្នាក់ៗផ្តល់ជូនថវិកាចំនួន ២០ម៉ឺនរៀល សរុប​ថវិកាចំនួន ១០.៦០០.០០០រៀល។
៤.នគរបាលប្រចាំការនៅសាលាខេត្ត ចំនួន ០៦ក្នុងម្នាក់ៗផ្តល់ជូនថវិកាចំនួន ២០ម៉ឺនរៀល សរុបថ​វិកាចំនួន ១.២០០.០០០រៀល៕