អភិបាល​ខេត្តកែប អប់រំប្រជាពលរ​ដ្ឋឱ្យប្រុងប្រ​យ័ត្ន ចំពោះគ្រោះថ្នាក់ចរាចរ​ និង​ជៀស​អោយឆ្ងាយ​ពីគ្រឿងញៀន! 

ខេត្តកែប៖ថ្លែងក្នុងឱកាសអញ្ជើញចូលរួមកាន់បិណ្ឌ ទី៩​ ក្នុងវត្តសត្ថារាជាអង្គព្រៃធំ សង្កាត់ព្រៃធំ​ ក្រុងកែប​ ខេត្តកែប​ នាព្រឹកថ្ងៃអាទិត្យ ៩រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹង​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ២០១៩ លោក កែន សត្ថា អភិបាល នៃគណៈភិបាលខេត្តកែប បានធ្វើការអប់រំ ក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់

ក្នុងការធ្វើដំណើរតាមដងផ្លូវសាធារណៈ បើកបររថយន្ត ម៉ូតូ ត្រូវចេះអធ្យាស្រ័យគ្នាទៅវិញទៅមក ពាក់មួក និងខ្សែក្រវាត់សុវត្ថិភាព ដាក់​កញ្ចក់មើលក្រោយឱ្យបានត្រឹមត្រូវ និងកុំបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីបង្កាគ្រោះថ្នាក់ចរាចរជា យថាហេតុ ដែលនាំឱ្យខូចខាត ទ្រព្យសម្បត្តិ លុយកាក់ ខាត់បង់ពេលវេលារកស៊ី ធ្លាក់ខ្លួនពិការ ឬបាត់បង់ជីវិតជាដើម។

លោកអភិបាលខេត្តកែប បានបញ្ជាក់ទៀតថា ស្របពេលដែលប្រទេសជាតិកា​ន់តែមានការរីកច​ម្រើន ជីវភាពប្រ​ជាពលរដ្ឋកាន់តែធូរធា ដូច្នេះកំណើននៃយានយន្តគ្រប់ប្រភេទ បានកើនឡើង​យ៉ាងឆាប់រហ័ស ដែលបង្ករនូវការកកស្ទះនៅតាមទីក្រុង ទីប្រជុំជន និងមានគ្រោះ​ថ្នាក់ចរាចរជា​បន្តបន្ទាប់ ដែលនេះគឺជាបញ្ហា​ប្រឈមដែលរាជរដ្ឋាភិបាល​កំពុងយកចិត្តទុកដាក់ ដើម្បីដោះស្រាយ។ 

លោកបានបន្តថា ក្រៅពីគ្រោះថ្នាក់ចរាចរ បញ្ហាគ្រឿងញៀន ក៏នៅតែជាបញ្ហាចំបងដែលយើង ទាំងអស់គ្នា ត្រូវតែរួមគ្នាដោះស្រាយ និងទប់ស្កាត់ ទាំងព្រះសង្ឃ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ក៏ដូចអាជ្ញាធរដែនដី ត្រូវអប់រំផ្សព្វផ្សាយ ដល់យុវជន កូនប្រុសស្រី សិស្សានុសិស្ស ក៏ដូចជា​ប្រជាពលរដ្ឋទៅ ឱ្យយល់ដឹងពីផលប៉ះពាល់នានាទាំងការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។ 

ជាមួយនេះ លោកអភិបាលខេត្តបាន​ចាត់ទុកការ​ជួបជុំគ្នាធ្វើបុណ្យ​ទានបានយ៉ាង​រីករាយដូច​ពេលនេះ គឺជា សមិទ្ធផលមួយ ក្នុងចំណោមសមិទ្ធផលរាប់រយទៀត នៃសន្តិភាព បើគ្មាន​សន្តិភា​ពទេ នោះអ្វី គ្រប់យ៉ាងក៏និងត្រូវបាត់បង់ដែរ ហេតុនេះលោក​សូមអំពាវនាវដល់​បងប្អូនប្រជាព​លរដ្ឋទាំងអស់ ត្រូវខិតខំថែរក្សាសុខសន្តិភាព​ដែលខិតខំកសាងមកយ៉ាងលំបាកនេះឱ្យបានគង់វង្ស កុំជឿលើ ពាក្យភូតកុហករប​ស់ជនអគតិ ដែលប៉ុនប៉ងបំផ្លាញសុខសន្តិភាពនៅកម្ពុជា៕