ឧបទ្ទវហេតុគ្រោះថ្នាក់​ចរាចណ៍ រវាងរថយន្ត២គ្រឿង និងមូតូ២គ្រឿង បណ្តាលឲ្យមនុស្សចំនួន​៧នាក់របួសធ្ងន់

ខេត្តកំពង់ចាម៖រថយន្ដម៉ាកនីសាន់០១គ្រឿង បុករថយន្ដម៉ាកសាំយ៉ុង០១គ្រឿងទៀត រួច​ជ្រុល​ទៅ​បុក​ម៉ូតូពីរគ្រឿង​ផ្សេងទៀត បណ្តាលឲ្យមនុស្សប្រុស ស្រីចំនួន៧នាក់រងរបួស​ជាទម្ងន់។
ករណីនេះបានកើតឡើងកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៦ ចំណុច​ខាង​ជើងស្ពានត្រោះ ស្ថិតនៅ​ភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។

បើតាមប្រភពព័ត៌មានបាន​ឲ្យដឹងថា​៖នៅមុនពេលកើតហេតុគេបានឃើញរថយន្ដ០១គ្រឿង ម៉ាកនី​សាន់ ពាក់ស្លាកលេខ ភ្នំពេញ 2AH 9289 បើកបរដោយឈ្មោះយ៉ន យីន ភេទប្រុស អាយុ៤៤ឆ្នាំ មាន​ទីលំនៅ ខេត្តសៀមរាប បើកបរក្នុង​មានទិសដៅពីត្បូងទៅជើង លុះ​ដល់​ចំណុចខាងលើ​បាន​បែកកង់​មុខខាងឆ្វេង ក៏ជ្រុលចង្កូតឡើងសួន​ច្បារ ហួស​ទៅបុករថយន្ដ០១គ្រឿងទៀត ម៉ាកសាំយ៉ុង ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2H 2154 បើកបរដោយឈ្មោះសុះ អ៊ែល ភេទប្រុស អាយុ៤៥ នៅខេត្តស្ទឹងត្រែង ហើយក៏ជ្រុលទៅបុកម៉ូតូពីរគ្រឿងទៀត ដែលមកពីទិសខាងជើងទៅត្បូង ស្រប​ជា​មួយរថយន្ដសាំយ៉ុង បណ្តាល​ឲ្យអ្នកជិះក្នុងរថយន្ដសាំយ៉ុងចំនួន០៤នាក់រងរបួសស្រាល០២នាក់ ធ្ងន់០២នាក់ អ្នកជិះម៉ូតូចំនួន​០៣នាក់រងរបួស​ធ្ងន់០២នាក់ ស្រាល០១នាក់) ចំណែកមធ្យោបាយ​រង​ការ​ខូចខាត​ទាំងសងខាង។

ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្តម៉ាកនីសាន់ ដើម្បីដោះស្រាយ​តាមនិតិវិធី។​ដោយឡែកអ្នករងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ ដើម្បីជួយសង្គ្រោះ​៕