ឃាត់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់ ពាក់ពន្ឋ័ករណី​ជួញដូរ​គ្រឿងញៀន​​​៣​គីឡូក្រាម​ នៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖កម្លាំង​ជំនាញ​«ក​៩»នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​គ្រឿងញៀន​ខេត្តស្ទឹងត្រែង និង​កម្លាំង​BLO​ បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​មួយ​ករណី​ ដោយឃាត់ខ្លួន​ជនសង្ស័យ​ជាជនជាតិ​ឡាវ​ម្នាក់​ ព្រមទាំង​​ដកហូតបាន​ថ្នាំញៀន​ចំនួន​៣​ដុំ​ធំ​ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ​ថ្ងៃទី​០២ ​ខែតុលា ​ឆ្នាំ​២០១៩​ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៧ ​ស្ថិតនៅ​ភូមិអូរ​ស្វាយ ឃុំអូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ​ខេត្តស្ទឹងត្រែង។


សមត្ថកិច្ច​បាន​ឲ្យដឹងថា​៖​ជនសង្ស័យ​មានឈ្មោះ សា វី ភេទ​ប្រុស អាយុ៣៥​ឆ្នាំ ជនជាតិឡាវ​​ ទីលំ​នៅ​កំណើត​និងបច្ចុប្បន្ន ភូមិឡាក់​សៅ ស្រុកខាំ​កឺ​ប ខេត្តបូ​លី​ខាំ​សៃ ប្រទេសឡាវ​។​ក្រោយពី​បង្ក្រាបសមត្ថកិច្ចដកហូតបាននូវ​វត្ថុតាង​មួយចំនួនរួមមាន​៖ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ICE​ចំនួន​៣​កញ្ចប់​ធំ​ ប្រហែល​៣​គីឡូក្រាម ​ទូរស័ព្ទដៃ​២​គ្រឿង​និង​អត្តសញ្ញាណ​ប័ណ្ណ​១​។​

បច្ចុប្បន្ន​ជនសង្ស័យ​ស្ថិតនៅក្រោមការសាកសួរនិងឃុំខ្លួន​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹង​ត្រែង ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី​