ឯក​ឧត្តម ទៀ សីហា​ អភិបាលខេ​ត្តសៀមរាប​ អញ្ជើញជាអធិបតីក្នុងពិធី​ប្រកាសផ្ទេរភារកិច្ច​ និង​ចូលកា​ន់តំណែង អភិបាលស្រុកបន្ទាយស្រី

ខេត្តសៀមរាប៖លោក​ ឃឹម​ ហ្វីណង់​ ឋានន្តរសកិ្តវរៈមន្ត្រីថ្នាក់លេខ៣​ ​នាយករងរដ្ឋបាល​សា​លា​ខេត្ត​សៀមរាប ត្រូវបានធ្វើការប្រកាសចូលកាន់តំណែងជាអភិបាលស្រុកបន្ទាយស្រី​ ជំនួស​លោក ណុប​ វុទ្ធី​ អតីតអភិបាលស្រុក ដែលត្រូវផ្ទេរភារកិច្ចពីអភិ​បាលស្រុកបន្ទាយស្រី​ឲ្យទៅបំរើការនៅ​សាលាខេត្តសៀមរាបវិញ។
វិធីនេះ​ប្រព្រឹត្តទៅ នាថ្ងៃសុក្រ​ ៦កើ​ត​ ខែអស្សុជ​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃ​ទី​០៤​ ខែតុលា​ ឆ្នាំ​២០១៩​ ក្រោមអធិបតីភាព​ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប​ និងមាន​ការអ​ញ្ជើ​ញចូលរួមពី​ ឯកឧត្តម​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ ឯកឧត្ដម​ប្រធាន​ក្រុមការងារថ្នាក់ជាតិចុះ​ជួយ​ស្រុក​បន្ទាយស្រី លោក​ លោកស្រី​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​ លោក លោកស្រីប្រធាន អនុប្រធា​នការិយាល័យ មន្ត្រីសាលាស្រុក​ លោកគ្រូ​ អ្នក​គ្រូ​ លោកមេឃុំ​ ស្នៀនឃុំ​ និងមេភូមិផងដែរ។

បន្ទាប់ពីកិច្ចស្វាគមន៍​របស់លោកអតីតអភិបាលស្រុក​ និងរបាយការណ៍ស្តីពីសមិ​ទ្ធផលដែល​បាន​កសាង និងអភិវឌ្ឍន៍ក្នុងស្រុក ព្រមទាំងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបានលើកនូវ​បញ្ហា​ប្រឈម និងឧបសគ្គមួយចំនួន និងការកំណត់ដែនសមត្ថកិច្ចការទទួលខុសត្រូវរវាងស្ថាប័នថ្នាក់ជាតិ និងថ្នាក់​ក្រោមជាតិ ដើមី្បឲ្យការអនុវត្តភារកិច្ច ទទួលខុសត្រូវក្នុងកិច្ចការរដ្ឋបាលថ្នាក់​ក្រោមជាតិឲ្យ​កាន់តែមានប្រសិទ្ធភាព ។

ឯកឧ​ត្តម ទៀ សីហា បានបញ្ជាក់ផងដែរថា ការប្រកាសចូ​លកាន់តំណែងជាអភិបាលស្រុកថ្មីនេះ គឺមានការជឿជាក់យ៉ាងច្បាស់ពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងអាជ្ញាធរខេត្ត​ ថ្នាក់ដឹកនាំនៅរដ្ឋ​បាល​ថ្នាក់ក្រោមជាតិ ដែលជាការលើកទឹកចិត្តដល់មន្ត្រី ឲ្យបន្តខិតខំបំពេញភារកិ​ច្ចក្នុងការបម្រើ​ជាតិមាតុភូមិ ។ម៉្យាងទៀតក៏ជាគោលការណ៍របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំនូវរចនា​សម្ព័ន្ធក្បាល​ម៉ាស៊ីដឹកនាំថ្នាក់ក្រោមជាតិ ដើមី្បឆ្ពោះទៅរកកិច្ចអភិវឌ្ឍន៍មូលដ្ឋានភូមិឃុំ ក្នុងការបម្រើដល់តម្រូវ​ការផលប្រយោជន៍របស់ប្រជាជន។
ឯកឧត្តម បានលើកឡើងនូវសមទ្ធិផលដែលស្រុកទទួលបានកន្លងមក​ គឺកើតចេញពីកក្តាប្រ​ទេស​ជាតិមានសុខសន្តិភាព ហើយសមទ្ធិផលទាំងនេះ ជាការពង្រឹងនូវសន្តិភាពនៅកម្ពុជា ។

ជាមួយគ្នានេះ ឯកឧត្តម បានក្រើនរំលឹកដល់អភិបាលស្រុកបន្ទាយស្រីដែលត្រូវបានតែងតាំងថ្មី ត្រូវ​ខិតខំបំពេញការងារ ដោយស្មារតីយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ ប្រឹងប្រែង​ឲ្យអស់​ពី​កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីបំពេញ​ការងារជូនប្រជា​ពលរដ្ឋឲ្យកាន់​តែសកម្មខ្លាំង​ក្លាថែម​ទៀត ពិសេសត្រូវបន្តដោះស្រាយបញ្ហាទំនាស់ដីធ្លីដែលនៅសេសសល់ឲ្យបានលឿន​ និងមានប្រ​សិទ្ធភាព​ និងត្រូវគោរពច្បាប់​ រដ្ឋធម្មនុញ្ញ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន របស់រាជរដ្ឋាភិ​បាល​កម្ពុជា៕