ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង អញ្ជើញ​ជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយ​មន្រ្តីរាជការ និងការចុះពិនិត្យស្ថានភាពស្ពានបាក់ស្រុតមួយកន្លែង ក្នុងស្រុកសៀមបូក

ខេត្តស្ទឹងត្រែង៖នា​ព្រឹកថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែ​តុ​លា ឆ្នាំ២០១៩ ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជា​អធិបតីក្នុងពិធីសំណេះសំណាលជាមន្រ្តីរាជការ ក្នុងស្រុកសៀមបូកនៅសា​លប្រជុំសាលាស្រុក​សៀមបូក ដោយមានការអញ្ជើញចូលរួមពីសំណាក់ ក្រុមប្រឹក្សា គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសជួបសំណេះសំណាលនេះឯកឧត្តម ម៉ុម សារឿន បានមានប្រសាសន៍ផ្សព្វផ្សាយអំពី​សភាពការណ៍ជាតិ អន្តរជាតិ ដើម្បីធានាសុខសន្តិភាព ស្ថេរភាពសង្គម ព្រមទាំងសន្តិសុខ សណ្តាប់ធ្នាប់ និងអធិបតេយ្យភាព។

ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្ត បានដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន​ចុះពិនិត្យស្ថាន​ភាពស្ពានបាក់ស្រុតមួយកន្លែងប្រវែង ៣៣,៥០ម៉ែត្រ ទទឹង ៤,៧៥ម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ភូមិដំ​រីផុង ឃុំកោះសំពាយ ស្រុកសៀមបូក ដែលរងផល​ប៉ះពាល់ដោយសារទឹកជំនន់នាពេលកន្លងមក

ដើម្បីសម្រួលដល់​ការចរាចរទៅមករបស់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តម អភិបាលខេត្ត បានចង្អុល​បង្ហាញដល់មន្ទីរជំនាញពាក់ព័ន្ធ សហការជាមួយអាជ្ញាធរស្រុក ពន្លឿនក្នុងការជួសជុល​ស្ពាននេះ​ឲ្យបានល្អប្រសើរឡើងវិញ៕