សម្តេចតេជោ ​ហ៊ុន សែន អញ្ជើញបើក​សន្និសីទ អគ្គព្រះរាជអាជ្ញា​អាស៊ាន-​ចិនលើកទី១២ នៅខេត្ត​សៀមរាប

នៅខេត្តសៀមរាប៖​នៅព្រឹកថ្ងៃពុធ១​០កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែ​វិច្ឆិកា ឆ្នាំ២០​១៩នេះ សម្ដេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រកម្ពុជា បានអញ្ជើញជាអ​ធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិ​ធីបើកសន្និសីទ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន​លើក​ទី១២

ក្រោមប្រធានបទ «តួនាទី​ព្រះរាជ​អាជ្ញាក្នុង​ការប្រយុទ្ធ​ប្រឆាំងអំពើ​ជួញដូរមនុស្ស​នៅ​ក្នុង​តំបន់» ដែលប្រារព្ធធ្វើឡើង នៅខេត្តសៀមរាប។សន្និសីទនេះ គឺមា​នរយៈ​ពេ​លពីរថ្ងៃ ហើយមា​នការ​អញ្ជើញចូលរួម​ពីអគ្គព្រះរាជអាជ្ញា ​អគ្គរដ្ឋអាជ្ញា ប្រធាន​ប្រតិភូម​កពីបណ្តា​បណ្តាប្រទេស នៃសមាគ​មអាស៊ាន និងប្រទេសចិនផងដែរ។

អញ្ជើញថ្លែងនៅក្នុងស​ន្និសីទនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវសេ​ចក្តីរីករាយ​ដែលបាន​មកចូលរួមក្នុង​ពិធីបើកសន្និសីទអគ្គព្រះរា​ជអាជ្ញាអាស៊ាន-ចិនលើកទី១២នេះ។សម្តេចតេ​ជោបាន​ថ្លែងអំណរគុ​ណឯកឧត្តម លោកជំទាវអគ្គព្រះរាជអាជ្ញា អគ្គរដ្ឋអាជ្ញា នៃបណ្តាប្រទេស​សមាគមអា​ស៊ាន និង​សាធារណរដ្ឋប្រ​ជាមានិតចិន និងភ្ញៀវកិ​ត្តិយ​សជាតិ អន្តរជាតិទាំងអស់ ដែលកំពុងមា​នវត្តមាន​នៅលើទឹ​កដីខេត្តសៀម​រាបអង្គរនេះ។

សម្តេចតេជោបានមានប្រសាសន៍បន្តថា កម្ពុជា​ពិតជាមានកិត្តិយ​សដែលបាន​ធ្វើជាម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​ដ៏មានសារៈសំខាន់នេះ ស្របពេល​ដែលប្រទេសសមាជិកអាស៊ាន ក៏ដូចជាប្រទេស​នៅក្នុង​តំបន់​កំ​ពុងរួមគ្នាប្រយុទ្ធប្រ​ឆាំង​អំពើជួញដូរមនុស្ស ដែលជា​ឧក្រិដ្ឋកម្មឆ្លង​ដែនប្រកបដោយ​គ្រោះ​ថ្នាក់ ហើយកំពុងរីករា​លដាលនៅ​ក្នុងតំ​បន់របស់យើង។
សម្តេចតេជោបានមានប្រសាសន៍ប​ន្តថា អំពើជួញដូរមនុស្ស គឺជាគោល​នយោបាយ​ដ៏សំខាន់ដែ​លរាជរដ្ឋា​ភិបាលបានផ្តោតការយកចិត្តទុកដា​ក់ខ្ពស់ និងបានអនុវត្តកន្លងមក តាមរយៈកា​រផ្សព្វ​ផ្សាយ​គ្រប់ទម្រង់នៃ «អំពើជួញ​ដូរមនុស្ស » តាំងពីថ្នាក់ជា​តិរហូត ដល់ថ្នាក់មូលដ្ឋាន។

ជាក់ស្តែងរាជរដ្ឋាភិ​បាលបានប្រារព្ធទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅឆ្នាំ២០១៨ កន្លងមក។ ជា​មួយនេះ​រាជរដ្ឋាភិបាល​បានធ្វើកិច្ចស​ហប្រតិបត្តិការយ៉ាង​ជិតស្និទ្ធជាមួយអង្គ​ការជាតិអន្តរជាតិ​នានា និង​ទូរទស្សន៍ បង្កើតឱ្យមា​នជាឃ្លីបវីឌីអូ និងបទយកការណ៍ ដើម្បីបង្ហាញឱ្យ​ប្រជាពលរដ្ឋគ្រប់​ស្រទាប់យល់ដឹង​នូវអំពើជួញដូរមនុស្ស​ជាមួយនឹងការបង្កើត​នូវយន្តការផ្សព្វផ្សាយ​ជាប្រចាំឱ្យ​បាន​ទូលំ​ទូលាយនៅទូទាំងប្រទេស។ដូច្នេះ ដើម្បីដោះ​ស្រាយបញ្ហាស​កលនេះឱ្យបានទាន់ពេលវេលា បញ្ហា​ប្រទេសសមាជិកអាស៊ាន-​ចិនត្រូវមាគោលការណ៍រួមមួយ ឯកភាពគ្នា សហការគ្នា​យ៉ាងជិត​ស្និទ្ធ ប្រកប ដោយប្រសិ​ទ្ធភាព និងតម្លាភាព។

ក្នុងឱកាសនោះផង​ដែរ សម្តេចតេជោនាយក​រដ្ឋមន្ត្រីបានចែករំលែកនូវអនុ​សាសន៍មួយចំនួនដល់​អង្គស​ន្និសីទដូចខាងក្រោម៖
១)អគ្គព្រះរា​ជអាជ្ញាអាស៊ាន-ចិន ត្រូវរួមគ្នាធ្វើកិច្ច សហប្រតិបត្តិកា​រឱ្យបានជិតស្និទ្ធ​ជាមួយបញ្ហា​ស្ថាប័ន និងប្រទេសពាក់ព័ន្ធនឹង « អំពើជួញដូរមនុស្ស» ជាពិសេសនៅក្នុងប្រទេសឆ្លងកាត់ និង​ប្រទេសគោលដៅ ដើម្បីឆ្លើយតប និងដោះស្រាយឱ្យបានទាន់ពេលកំណត់ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ។

២)អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន ត្រូវរួ​មគ្នាពិនិត្យ និងវាយតម្លៃបញ្ហា « អំពើជួញដូរមនុស្ស » តាម​រយៈ​ស្មារតីទទួលខុសត្រូវខ្ពស់ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ជាមួយប្រទេស និងស្ថាប័ន​ពាក់ព័ន្ធ ដូចមានចែងក្នុងកិច្ចព្រមព្រៀង ឬ អនុស្សរណៈនៃ​ការយោគ​យល់គ្នាដែល​បានចុះហត្ថ​លេខាកន្លងមក ។
៣)អគ្គព្រះ​រាជអាជ្ញាអាស៊ាន-ចិន និងស្ថាប័នពាក់ព័ន្ធត្រូវរួមគ្នាបន្ត និងបង្កើនកិច្ច​សហការឱ្យបាទូ​លំទូលាយ បង្កលក្ខណៈងាយស្រួល និងចូលរួមផ្តល់​ធនធានសម្រាប់​ប្រតិបត្តិការជាប្រព័ន្ធ​ដើម្បី​អាចឆ្លើយត​បបញ្ហាបានទាន់ពេលវេលាស្តីពី «អំពើជួញដូរមនុស្ស »ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

៤)អគ្គព្រះរា​ជអាជ្ញាអាស៊ាន-ចិនត្រូវរួមគ្នាធ្វើកំណត់ត្រា និងចងក្រងរបាយការណ៍​ជាមួយនឹង​ភស្តុតាង​ជាក់ស្តែង ដើម្បីបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការចូលរួម​​ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលជាឧក្រិដ្ឋកម្មបង្កគ្រោះថ្នាក់ដល់សង្គមជាតិ និងកំពុងប៉ះពា​ល់​ដល់កិច្ចដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅក្នុងតំបន់ និងស​កលលោក ។

សម្តេចតេជោសង្ឃឹមថា អង្គសន្និសីទនឹង​បន្តប្រើប្រាស់យន្តការអត្តព្រះរាជអាជ្ញាអាស៊ាន-ចិន ដែល​ជាវេ​ទិកាពង្រឹងកិច្ចសហប្រតិបត្តិការពារប្រកបដោយឆន្ទៈរួមតែមួយ ក្នុងការប្រយុទ្ធប្រឆាំង «អំពើ​ជួញ​ដូរមនុស្ស » និងបទល្មើសឆ្លងដែនគ្រប់រូប​ភាពដើម្បីធានានូវសន្តិសុខ និងសុវត្ថិភាពឆ្លង​ដែន​ដល់​បញ្ហាប្រជាជននៅក្នុងប្រទេសអាស៊ាន-ចិន និងនៅក្នុងតំបន់ផងដែរ៕