អភិបាលខេត្តកំពត បន្តចុះជំរុញ​ណែនាំមន្ត្រីមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុង សង្កាត់ ពីបញ្ហា​សណ្ដាប់ធ្នាប់ សោភ័ណភាព និងអនាម័យតាមដងផ្លូវ នៅ​ក្នុងក្រុងកំពត

ខេត្តកំពត​៖​ឯកឧត្ដមជាវ តាយ​ អភិបាលនៃគណៈអភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២​០១៩ ​បានដឹកនាំមន្ត្រី​នៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុង និងសង្កាត់ ចុះពិនិត្យ​លទ្ធ​ផល​នៃការដ្ឋានសាងសង់ក្លោង​ទ្វារពហុកីឡដ្ឋានខេត្ត បម្រើឱ្យដល់​ព្រឹត្តិការណ៍​បុណ្យសមុទ្រ​និងក៏​បាន​បន្តចុះ ធ្វើដំណើរតាមរថ​យន្ត ដើម្បីត្រួតពិនិត្យតាម​ដងផ្លូវក្នុងសង្កាត់នីមួយៗនៃក្រុងកំពត អំពី​លទ្ធផល​និងបញ្ហាប្រឈម​នៅសេសសល់​មួយចំនួន​ក្រោយពីឯកឧត្តមអ​ភិបាលខេត្ត​បានណែ​នាំជំរុញដាក់​វិធានការណ៍​ឱ្យអនុវត្តជា​ច្រើនលើកកន្លង​មក ដើម្បីធ្វើអោយភាពប្រសើរ​ឡើង​ធា​នាបាន​នូវសណ្ដាប់​ធ្នាប់សាធារណៈ និងសោភ័ណភាព តាមដងផ្លូវ​និងសួន​សាធារណៈន​និងលំនៅ​ដ្ឋានរបស់ប្រជាពលរដ្ឋនៅក្នុងក្រុងកំពត ក្នុងគោលដៅឆ្ពោះទៅកាន់ការទាក់ទាញភ្ញៀវទេសចរណ៍ ពិសេស សម្រាប់ត្រៀមរៀបចំព្រឹត្តិការណ៍ពិធីបុណ្យសមុទ្រនៅចុងឆ្នាំ២០១៩ រួមនឹងព្រឹត្តិការណ៍​ទេសចរណ៍ធំៗ​ប្រចាំឆ្នាំមួយចំនួនទៀតអោយប្រកបដោយភាពជោគជ័យផងដែរ។

ជាលទ្ធផ​លនៃការចុះពិនិត្យនៅតាមដងផ្លូវ និងសួនសា​ធារណៈសំខាន់ៗ​ក្នុងសង្កាត់នីមួ​យៗនៃក្រុង​កំពត សង្កេត​ឃើញថា នៅពុំទាន់មានលក្ខណៈល្អប្រសើរនៅឡើយ ដោយពិនិត្យ​ឃើញ​ស្ថាន​ភាពបែបនេះ ស្ថិតក្នុងជំហរអ្នកដឹ​កនាំស្មារតីទ​ទួលខុសត្រូវខ្ពស់ ឯកឧត្ដម ជាវ តាយ អភិបាល​ខេត្ត​ បានណែ​នាំដល់ចៅសង្កាត់ និងអភិបាលក្រុង រួមនឹងមន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវតែ​បង្កើនស្មារតីយកចិត្តទុក​ដាក់ទទួលខុសត្រូវខ្ពស់ អំពីតួនាទី​ភារកិច្ចរបស់​ខ្លួនតាមមុខ​សញ្ញាប​ន្ថែមទៀត ។ពិសេសអាជ្ញា​ធរក្រុងសង្កាត់ទាំងប្រាំត្រូវតែ​បង្កើនការយកចិត្តទុកដាក់​សហកា​រគ្នា​ដោយ​ទទួលខុស​ត្រូវឱ្យបានសស្រាក់​សស្រាំទាំងអស់គ្នាប​ន្ថែមទៀតលើការងា​រកែលម្អសោភណ្ឌ​ភាព​សណ្ដាប់ធ្នាប់​សាធារណៈនិងអនាម័យបរិស្ថានក្រុង ហើយការងារ​ដែលត្រូវយ​កចិត្តទុកដាក់​សំខាន់ថែម​ទៀតដែរនោះ គឺអាជ្ញាធរក្រុងសង្កាត់ក៏ត្រូវយក​ចិត្តទុកដាក់ក្នុងចលនាបំផុសផ្សព្វផ្សាយ តាមរយៈ​មធ្យោបាយផ្សេងៗ ដល់ប្រជាជន ឱ្យបានចូលរួមអនុវត្ត និងលើកកម្ពស់​ទាំងអស់គ្នា​ពីបញ្ហាសោភ័ណភាព​សណ្ដាប់ធ្នាប់សាធារណៈ​និងអនាម័យបរិស្ថាន​ក្នុងក្រុងកំពតឲ្យ​បានកាន់តែ​ល្អប្រសើរឡើង៕