វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុងកែប ឆ្នាំទី១ អាណត្តិទី៣

ខេត្តកែបវេទិកា​ផ្សព្វផ្សាយ និងពិ​គ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុងកែប ឆ្នាំទី១ អាណតិ្តទី៣ ត្រូវ​បានប្រព្រឹត្តឡើងនាព្រឹកថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាក្រុងកែប ក្រោមអធិបតី​ភាព លោក អ៊ិ​ន ស៊ុន ប្រធានក្រុមប្រឹក្សាក្រុងកែប និងលោកស្រី ទិត សុខា អភិបាល នៃគណៈ​អភិ​បាលក្រុងកែប។

វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ក៏មានការអញ្ជើញចូលរួម​ពីអស់លោកជាសមា​ជិកក្រុម​ប្រឹក្សាក្រុង អភិបាលរងក្រុង លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួនក្នុងខេត្ត  កម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរមូលដ្ឋាននិងមន្ត្រីពាក់ព័ន្ធចំណុះសាលាក្រុងកែបផងដែរ។

មានមតិក្នុង​អង្គវេទិកាខាងលើ លោក អិុន ស៊ុន ប្រធានក្រុមប្រឹក្សាខេត្តកែប បានលើកឡើងថា តាមរយៈ​វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ បានបង្ហាញនូវតួនាទីរបស់ក្រុមប្រឹក្សាក្រុង គណៈអភិ​បាលក្រុង ព្រមទាំងលទ្ធផល​សំខាន់ៗដែលរដ្ឋបាល​ក្រុងទទួលបានតាមរយៈ​ការអនុវត្តស​កម្មភាពនា​ពេលកន្លងមកក្នុងការឆ្លើយតបជាមួយម្ចាស់ឆ្នោត ជាពិសេសប្រជាពលរដ្ឋនៅក្នុង​ក្រុង​កែប​ទាំងមូល។

លោកបានបញ្ជាក់ទៀតថា ក្នុងវេទិកា​ផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះ យើងទាំងអស់គ្នាបានពិភា​ក្សា​ពិគ្រោះ យោបល់ជាមួយអ្នកចូលរួមទាំងអស់ ហើយបានរកឃើញនូវបញ្ហា​អាទិភាពសំខាន់ៗ​សម្រាប់រដ្ឋបាលក្រុង ដោយយកបញ្ហាទាំង​នោះទៅពិនិត្យពិចារណា​ក្នុងការឆ្លើយតបដើម្បី​លើកក​ម្ពស់​ដល់​ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

ជាមួយគ្នា​នេះយើងត្រូវ​ពង្រឹងនិងជំរុញដល់ប្រជាពលរដ្ឋ អង្គការសង្គមស៊ី​វិល និងអ្នកពាក់ព័ន្ធ ឱ្យ​ចូលរួមក្នុង​កិច្ចអភិវឌ្ឍមូលដ្ឋាន ក្នុងគោលបំណងពង្រឹងយន្តការ តម្លាភាព គណ​នេយ្យភាព​ជាមួ​យប្រជាពលរដ្ឋ ព្រមទាំង​ការលើកកម្ពស់​គោលការណ៍អភិវឌ្ឍ​តាមបែបប្រជាធិប​តេយ្យនៅថ្នាក់​ក្រោមជាតិ ដែលមានធាតុសំខាន់ៗចំនួន៨ចំណុច រួមមាន៖

ទី១ភាពជាតំណាងសាធារណៈ

ស្វ័យភាពមូលដ្ឋាន

ការពិគ្រោះយោបល់ និងការចូលរួម

ការឆ្លើយតប និងគណនេយ្យភាព

ការលើកកម្ពស់គុណភាពនៃជីវិតនៅក្នុងមូលដ្ឋាន

ការលើកស្ទួយសមធម៌

តម្លាភាព និងសុច្ចរិតភាព

វិធានការប្រឆាំងអំពើពុករលួយ និងការរំលោភអំណាច ជាដើម៕