សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ ដល់និស្សិត​សាកលវិទ្យាល័យ​ធនធាន​មនុស្ស​ជិត២​ពាន់​នាក់

រាជធានីភ្នំពេញ​៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាច​ក្រ​កម្ពុជា​ នា​ព្រឹកថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩នេះ បានអញ្ជើញជាអ​ធិបតីដ៏ខ្ពង់ខ្ពស់​ប្រគល់​សញ្ញាបត្រដល់និស្សិត នៃសាកល​វិទ្យាល័យ​ធនធាន​មនុស្ស​សរុបចំនួន១,៩៥៨នាក់ ​នៅវិទ្យាស្ថានជាតិអប់រំ​។

ក្នុងឱកាសនោះ​សម្តេចតេជោ ហ៊ុន សែន បាន​បង្ហាញនូវក្តីរី​ករាយដែលបាន​អញ្ជើញមក​ប្រគល់​សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យធនធានមនុស្ស ជាលើកទី១៦ ដែលសម្តេចតេជោ​បានអញ្ជើញ​ចូលរួមផ្តល់កិត្តិយសប្រគល់​សញ្ញាបត្រ តាំងពីសាកលវិទ្យាល័យបាន​បង្កើតឡើងមក។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមា​នប្រសាសន៍ថា ​រាជរដ្ឋាភិបា​លកម្ពុជាដែលដឹកនាំដោ​យសម្តេច គឺ​បាន​ខិតខំណាស់ក្នុងការផ្តល់ឱកាសការងារផ្សេងៗដល់យុវជនយើង ទាំងការងារក្នុងស្រុក និង​ក្រៅស្រុក ជាក់ស្តែងបច្ចុប្បន្ននេះ មា​នពលករយើងជាច្រើ​នបាន និងកំពុងប​ម្រើរការ​ងារ​នៅតាម​បណ្តា​ប្រទេសមួយចំនួន ហើយពួក​គាត់កំពុង​ទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើនពីការ​ងារទាំង​អស់​នោះផងដែរ។ដូច្នេះបងប្អូនដែលបានបម្រើការកា​រងារនៅក្រៅប្រទេសទាំងអស់ ត្រូវយល់​អោយបានច្បាស់ អំពីអ្វីដែល​រាជរដ្ឋាភិបាល​បានខិតខំធ្វើកា​រចរចារជា​មួយបណ្តាប្រទេ​សផ្សេងៗ ដើម្បីជួយសម្រួល​អោយពល​ករយើងបានចេញ​ទៅបម្រើកា​រងារនៅប្រទេសទាំងអស់នោះ ដើម្បី​ទទួលបានប្រាក់​ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បាននិងកំពុងខិតខំជំរុញការបង្កើត​ការងារក្នុងស្រុក ទាក់ទាញ​វិនិ​យោគថ្មីៗ និងខិត​ខំស្វែងរកការងារក្រៅប្រទេសជូនប្រជា​ពលរដ្ឋយើងជាបន្តបន្ទាប់។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសា​សន៍ថា សម្តេចនៅតែបន្តផ្តល់ការឧបត្ថមជាថវិកា និង​អង្ករ​ជាបន្តបន្ទាប់ទៀតដល់និស្សិតក្រីក្រនៃសាកលវិទ្យាល័យធនធានមនុស្ស ក៏ដូចជាសាក​លវិ​ទ្យាល័យមួយចំនួនទៀត គឺក្នុង១ខែ សម្តេចតេជោបាន​ឧបត្ថមនូវអង្ករចំនួន២តោន និងថវិកា​ចំនួន៥​លានរៀល​ផងដែរ សម្រាប់ផ្តល់​ជូនដល់និស្សិតក្រីក្រដែលកំពុងសិក្សាតាមបណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថាននានា។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍កោតសរសើរ និងអបអរសារ​ដល់និស្សិតជ័យ​លាភីទាំងអស់ និងថ្លែងអំណរគុណចំពោះមាតាបិតា និង​អាណាព្យា​បាលដែលបា​នផ្តល់ឱកា​ស​អោយកូនចៅ​បានសិក្សារៀន​សូត្ររហូតទទួលបានជោគជ័យនាពេលនេះ។
តាមរបា​យករ​ណ៍របស់​សាកលវិទ្យាល័យធន​ធានមនុស្សបានអោយដឹងថា និស្សិតជ័​យលាភី​ដែលទទួលសញ្ញាប​ត្រនាព្រឹកនេះ គឺជាធន​ធានមនុស្ស ប្រកបដោយសក្តានុពល សម្រាប់ការងារ និង​សង្គមជាតិទាំងមូលហើយចា​ប់តាំងពីការកកើតក្នុងឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ននេះ សិស្ស​ថ្នាក់វិជ្ជាជីវៈ និងនិស្សិត ដែលបានបញ្ចប់​ការសិក្សាពី សាកលវិទ្យាល័យធនធានមនុស្ស សរុបចំនួន ៣៩,៣​៩៥នាក់ (នារី ១៣,៣៣៦នាក់) ទទួលបានឱកាស​ការងារខ្ពស់ រហូតដ​ល់ជាង៩០%ជា​រៀងរាល់ឆ្នាំ នៅតាមបណ្តាស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាល៕