រដ្ឋបាលខេត្តកំព​ត ធ្វើពិធីក្រុងពាលីសុំសេចក្ដី​សុខចម្រើន ក្នុងឱកាស នៃពិធីបុណ្យ​សមុទ្រដែល​ឈានចូល​មកដល់ ​នៅ​ចុងឆ្នាំ២០១៩នេះ

ខេត្តកំពត៖នៅសល់តែរយៈពេលប្រមាណជាង៣០ ថ្ងៃទៀតប៉ុណ្ណោះក្នុងការត្រៀម​ឆ្ពោះទៅ​កាន់ព្រឹត្តិ​ការណ៍នៃពិធីបុណ្យសមុទ្រលើកទី៨ជុំទី២ដែលខេត្តកំពតត្រូវទទួលធ្វើជាម្ចាស់ផ្ទះ។

 

ដើម្បីកា​ររៀបចំពិធីបុណ្យទេសចរណ៍ដ៏ធំមួយនេះនៅចុងឆ្នាំ២០១៩ ឱ្យទទួលបានលទ្ធផលល្អតាម​ការរំពឹងទុកទាំងការរៀបចំពិធីក៏ដូចការរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាព​ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ​ផងនោះ នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ​២០១៩​ លោក ជាវ តាយ អភិបាល​នៃ​គណៈអភិបាលខេត្ត និងលោកជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការ​ចូលរួមពី​ថ្នាក់​ដឹកនាំខេត្ត សមាជិក សមាជិកាក្រុមប្រឹក្សា​ខេត្ត គណៈអភិបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្តនិង​អាជ្ញា​ធរ​ក្រុង ស្រុក ទាំង៨​ រួមនឹងលោកយាយ លោកតា ប្រជាពលរដ្ឋក្នុងខេត្ត បានរួមគ្នា​អញ្ជើញ​ធ្វើពិធីក្រុងពាលីសម្រាប់ថ្នាក់ខេត្តដើម្បីបួងសួងដល់ម្ចាស់ទឹក ម្ចាស់ដីសុំសេចក្ដីសុខគ្រប់ប្រការ ជា​ពិសេស​ការរក្សា​បាននូវ សន្តិសុខ សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ ក៏ដូច​ប្រជាពលរដ្ឋ​និងភ្ញៀវទេសចរណ៍​ជាតិ​អន្តរជាតិ​ចូលរួម​កម្សាន្តប្រកបដោយ​ការសប្បាយរីករាយនិងលទ្ធផល​ល្អប្រ​សើតាមការ​រំពឹង​ទុក។

 

ពិធីក្រុងពាលីបានប្រព្រឹត្តទៅតាមបែបប្រពៃណីព្រះពុទ្ធសាសនាដោយមានការនិមន្តព្រះសង្ឃដែលជាមេគណខេត្តទាំងពីរគណៈ និងមន្ត្រីសង្ឃតាមឋានានុក្រមក្នុងខេត្ត ដើម្បីសូត្រម​ន្តប្រោះព្រំលើ​ករា​សីផងដែរ។

 

សូមបញ្ជាក់ថា៖ ពិធី​បុណ្យសមុទ្រ​លើកទី៨ជុំទី២​ដែលខេត្តកំពត​ត្រៀមលក្ខណៈ ធ្វើជាម្ចាស់ផ្ទះ ត្រូវ​បានរាជរដ្ឋាភិបាលកំណត់ធ្វើឡើងនៅថ្ងៃទី ២០.២១.២២ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតី​ភាពដ៏ខ្ពង់​ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា​ជាណាចក្រកម្ពុជានិ​ងសម្ដេចគតិព្រឹទ្ធ​បណ្ឌិតប៊ុនរ៉ានីហ៊ុនសែន។

ដូច្នេះដើម្បីត្រៀមលក្ខណៈ​ធ្វើឱ្យព្រឹត្តិការណ៍នៃពិធីបុណ្យ​ដ៏ធំមួយនេះមានលក្ខណៈល្អប្លែក​ជាង​បណ្ដា​ឆ្នាំមុនៗនៅតាម​បណ្ដាខេត្តជាប់​សមុទ្រទាំងបួននៃ​ប្រទេសកម្ពុជាឱ្យបានតាមការ​ណែនាំនិង​រំពឹង​ទុករបស់ថ្នាក់ជាតិ។

 

ជាមួយនេះរដ្ឋបាលខេត្តកំពតបាន និងកំពុងយកចិត្តទុកដាក់យ៉ាងមមារញឹករៀបចំ និងកសាងនូវ​ហេ​ដ្ឋារច​នាសម្ព័ន្ធរួមនិងការរៀបចំសណ្ដាប់ធ្នាប់​សាធារណៈសោភ័ណ​ភាពអនាម័យក្រុង​ដោយធ្វើ​យ៉ាង​ណាឱ្យព្រឹត្តិការណ៍នៃពិធីបុណ្យទេស​ចរណ៍ធំមួយនេះនៅខេត្តកំពតទទួល​បានលទ្ធ​ផលដ៏​គាប់ប្រសើរ៕