រដ្ឋបាល​ខេត្តកំពត ទុកពេ​ល១​៥ថ្ងៃ ឲ្យអាជ្ញាធរស្រុកកំពង់ត្រាច ចុះសិក្សា​រាល់​បញ្ហាពាក់ព័ន្ធ នឹង​សំណូម​ពរ​របស់ពលរដ្ឋ រួចរាយការណ៍​ជូនក្រុមប្រឹក្សាខេត្ត និងគ​ណៈអភិបាលខេត្ត

ខេត្តកំពត៖លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត​កំពត និងលោក ជាវ តាយ អភិបាលខេត្តកំពត នាថ្ងៃ​ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបើក​វេទិកាផ្សព្វផ្សាយ​ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា​ខេត្តកំ​ពត ជាមួយប្រ​ជាពលរដ្ឋនៅស្រុកកំពង់ត្រាច ដើម្បីក្តាប់សំណូមព​រប្រជាពលរដ្ឋ​យក​មកដោះ​ស្រាយជូនពួកគាត់។

ការបើកវេ​ទិកាផ្សព្វផ្សាយ​នេះ ធ្វើឡើងនៅបរិវេ​ណវត្តអង្គជុំព្រៃទប់ ស្ថិតក្នុងឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រ​ជាពល​រដ្ឋ ប្រមាណជាង៣០០នាក់។

ក្នុងវេទិកា​នេះប្រជាពលរដ្ឋបានលើកសំណូមពរចំនួន​១៣ចំណុច ដែលភាគ​ច្រើនពាក់ព័ន្ធ នឹងបញ្ហា​ប្រឈមនានា នៃហេដ្ឋារច​នាសម្ព័ន្ធការអភិវឌ្ឍន៍ផ្សេងៗក្នុងមូលដ្ឋាន ដើម្បីឱ្យក្រុមប្រឹក្សាខេត្ត និង​គណៈ​អភិបាលខេត្តជួយអន្តរាគមន៍ដោះស្រាយ ខណៈនោះត្រូវបានដោះស្រាយភ្លាមៗ ចំនួន២​ករណី។

ទន្ទឹម​នេះលោកមអ​ភិបាលខេត្ត បានតម្រូវឱ្យម​ន្ត្រីជំនាញសហកា​រជាមួយអាជ្ញាធ​រស្រុកកំពង់​ត្រាច​ចុះសិក្សា​រាល់បញ្ហាពាក់ព័ន្ធនឹងសំណូមពរដោយ កំណត់រយៈពេល១៥ថ្ងៃ រួចរាយការណ៍ជូន​ក្រុម​ប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ដើម្បីឈា​នទៅធ្វើកា​រដោះស្រាយ​ឲ្យទាន់ស​ភាពការណ៍​ដែល​ប្រជាពលរដ្ឋត្រូវការ និងឆ្លើយតបតាមសំណូមពររបស់ពួកគាត់ ឈរលើមូលដ្ឋានជំនឿជឿជាក់៕