ឯកឧត្តម សុក ផេង ផ្តាំផ្ញើដល់បងប្អូន ប្រជា​នេសាទ ត្រូវប្រើឧបករណ៍នេសាទ ឱ្យត្រឹមត្រូវតាម​ច្បាប់

ខេត្តកំពង់ចាម​៖ឯកឧត្តម សុក ផេង បានធ្វើការផ្តាំ​ផ្ញើដល់បងប្អូន ប្រជានេសាទ​ត្រូវប្រើឧបក​រណ៍នេ​សាទ​អោយត្រឹមត្រូវតាមច្បាប់ និងបានផ្តាំផ្ញើដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវចូលរួមរក្សា​នូវជម្រក​ត្រីទាំងនេះ ជាពិសេសត្រូវ​បង្ក្រាបអោយបាន​នូវបទល្មើស​នេសាទដែលខុសពីច្បាប់បានចែង ដែល​ធ្វើ​អោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះកូនត្រីទាំងនោះ ផងដែរ។

ឯកឧត្តមមានប្រសាសន៍ផ្តាំផ្ញើបែបនេះ ក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញចូលរួម​ក្នុងពិធីប្រ​លែង​កូនត្រី៣ប្រភេទរួមមាន:ប្រភេទត្រី ឆ្ពិន ត្រីកាបស និងត្រីព្រលូង ចំនួន៥០.០០០កូន នៅក្នុងទំ​នប់៥កុម្ភៈ ស្ថិតក្នុងឃុំស្វាយទាប និងឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ។

មានប្រសាសន៍ក្នុង​ឱកាសប្រលែងកូនត្រីនោះដែរ ឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្តីការ​គណៈ​រដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកចំការលើ និងជាប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយឃុំល្វាលើ បានលើកឡើងថា នាក្នុងអំឡុងខែតុលាកន្លងមកថ្មីៗនេះ ក្រុមការងារ​របស់ឯកឧត្តមបានធ្វើសកម្មភាពប្រលែងកូនត្រីម្តងរួចមកហើយដែល ក្នុងការប្រលែងនោះ មាន​ចំនួន ២ម៉ឺនកូន ដែលជាប្រភេទត្រីប្រា និងប្រភេទត្រីផ្សេងៗទៀត ហើយជាលទ្ធ​ផលយើង​ឃើញថា​ត្រីដែលបានប្រលែងនោះមានទំហំធំល្មមសម្រាប់ធ្វើការនេសាទផងដែរ។

 ឯកឧត្តម សុក ផេង មានប្រសាសន៍បន្ថែមទៀតថា ការប្រលែងកូនត្រីជាលើកទី២នេះគឺ ក្នុងគោល​បំ​ណងដើម្បីរក្សាឱ្យបាននូវពូជត្រីសម្រាប់អោយបងប្អូនប្រជាពលរដ្ឋក្នងឃុំទាំងពីរ បានធ្វើការនេ​សាទ​សម្រាប់ចិញ្ចឹមជីវិត និងទុកជាពូជដើម្បីបង្កើនជា​កូនត្រីអោយបាន​ច្រើនក្នុងទំ​នប់៥កុម្ភៈ​នេះផង​ដែរ៕