រដ្ឋបាលខេត្តកំពត​ បើកកិច្ចប្រជុំពិភាក្សា លើគម្រោងគាំទ្រ ​រចនាប្លង់​លំ​អិតនៃការអនុវត្តន៍ គម្រោង​ប្រ​ព័ន្ធ​ប្រមូល និងប្រព្រឹត្តិកម្មសម្អាតទឹកកខ្វក់ និងប្រព័ន្ធលូដោះទឹកភ្លៀង

ខេត្តកំពត៖នា​ព្រឹកថ្ងៃទី២៩ ខែមករា ​ឆ្នាំ២០២០ ឯកឧត្តម ​ជាវ តាយ អភិបាល នៃគណៈ​អភិបាល​ខេត្ត និងឯកឧត្តម​ វង្ស ពិសិដ្ឋ អនុរដ្ឋ​លេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបើក​កិច្ច​ប្រ​ជុំរវាងអាជ្ញាធរ និងមន្ត្រី​នៃមន្ទីរពាក់ព័ន្ធក្នុងខេត្ត ​ជាមួយនឹងមន្ត្រីបច្ចេក​ទេសនៃក្រសួងពាក់ព័ន្ធ និង​អ្នកម៉ៅការ។
កិច្ចប្រជុំនេះបានលើក​ជារបៀបវារៈសំខាន់យកមកពិនិត្យ ​និងពិភាក្សា ក្នុងនោះពាក់ព័ន្ធគ​ម្រោងគាំ​ទ្រ​ការគ្រប់គ្រង និងអនុវត្តការរចនាប្លង់លម្អិត និងការត្រួតពិនិត្យ​ការសាងសង់​សម្រាប់ឈាន​ដល់​ការ​អនុវត្តនៅអនុគម្រោងចំនួន២គឺ
ទី១-អនុគម្រោងប្រព័ន្ធប្រមូល និងប្រព្រឹត្តិកម្មសម្អាតទឹកកខ្វក់ និងប្រព័ន្ធលូដោះទឹកភ្លៀង។
ទី២-អនុគម្រោងការគ្រប់គ្រងសំណល់រឹងក្រុងកំពត។

មានប្រសាសន៍ក្នុងឱកា​សបើកកិច្ចប្រជុំនេះ ឯកឧត្តម ជាវ​ តាយ អភិបាលខេត្ត បានលើកបញ្ជាក់ថា គម្រោងទាំងពីរខាងលើ គឺជាគ​ម្រោងមួយបានសិក្សាវាយតម្លៃជាច្រើនឆ្នាំមកហើយ ប៉ុន្តែទើបតែបា​នចាប់​ផ្ដើម ដំណើរ​ការកសាងថ្មីៗ​នេះហើយកិច្ចប្រជុំនៅពេលនេះ គឺជាលើកដំ​បូងដែល​យើងទាំង​អស់គ្នា ត្រូវតែ​រួមគ្នាពិនិត្យពិភាក្សានិងវាយតម្លៃ ឲ្យបាន​កាន់តែ​ស៊ីជម្រៅបន្ថែមទៀតដើម្បី ធ្វើការ​កែលម្អដោះស្រាយឲ្យបានសម្រេចសម្រាប់ការអនុវត្តគម្រោងនេះឲ្យទទួលបានលទ្ធផលជោគជ័យ។

ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានឲ្យដឹងដែរថា គម្រោងខាង​លើនេះគឺជាគម្រោងមួយស្ថិតក្នុងគម្រោង អភិវឌ្ឍក្រុងរបៀង​នៃមហាអនុតំ​បន់ទន្លេមេ​គង្គទី២ ក្រោមឥណទាន កម្ចីរបស់ធនាគារអភិវឌ្ឍអាស៊ី (ADB) គឺត្រូវបានរា​ជរដ្ឋាភិបាល​អនុញ្ញាតឱ្យ​អនុវត្តក្នុងក្រុងចំនួន២ គឺក្រុងព្រះសីហនុ និងក្រុងកំពត។
ឯកឧត្តម ក៏បានស្នើដល់អាជ្ញា​ធរមូលដ្ឋាន ក៏ដូចមន្ទីរជំនាញពាក់​ព័ន្ធត្រូវចូលរួម​បង្កើនកិច្ចសហ​កា​រធ្វើយ៉ាង​ណាឲ្យដំណើរកា​រនៃការសាង​សង់ប្រព្រឹត្តទៅដោ​យរលូនទទួល​បានលទ្ធផល​ជោគជ័យ​ល្អប្រ​សើរ៕