សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹនាំគណៈ​ប្រតិភូ ទៅចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៅសា​ធារ​ណរដ្ឋកូរ៉េ

រាជធានីភ្នំពេញ​៖នៅព្រឹកថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រក​ម្ពុជា បានអញ្ជើញដឹ​កនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រ​ជុំកំពូលពិភពលោកឆ្នាំ២០២០ នៃ​អង្គ​កា​រសហព័ន្ធសន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុ​ខ និងការអភិវឌ្ឍមនុស្ស។
កិច្ចប្រជុំនេះរៀបចំឡើង​នៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ២០២០​។

ក្នុងកិច្ចប្រជុំនេះ សម្តេចតេជោនា​យករដ្ឋមន្ត្រីនឹងត្រូវជួបជាមួយ លោក មូន ចេអ៊ី​ន (Moon Jae-in) ប្រធានាធិបតីកូរ៉េខា​ងត្បូង ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និង​អន្តរ​ជាតិ និងជួបជាមួយ​នឹងថ្នាក់ដឹកនាំសំខាន់ៗមួ​យចំនួនទៀត។សម្តេចតេជោ ក៏នឹងអ​ញ្ជើញចូ​លរួម​ពិធី​ពិសារអាហារថ្ងៃត្រង់រៀបចំ​ដោយ លោក ជុង សៃឃ្យូន (Chung Sye-kyun) នាយករដ្ឋ​មន្ត្រីកូរ៉េ​ខាងត្បូងផងដែរ។
ក្នុងកិច្ចប្រជុំកំពូល​ពិភពលោកនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ​នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ លើមូល​បទរបស់កិច្ចប្រជុំកំ​ពូលស្តីពី «សន្តិភាព សន្តិសុខ និងកា​រអភិវឌ្ឍមនុស្ស» រួមជាមួយនឹង​ឥស្សរជនបរទេសមួយចំនួន​ទៀត ដែលចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២០ នៃអង្គការស​ហព័ន្ធសន្តិភាពសកល​៕