រដ្ឋបាលខេត្តស្ទឹងត្រែង​ បើក​កិច្ចប្រជុំត្រួតពិនិត្យ វឌ្ឍនភាពការងាររដ្ឋបាលខេត្ត ប្រចាំខែមករា ឆ្នាំ២​០២០ និងលើកទិស​ភារកិច្ចបន្ត

ខេត្តស្ទឹងត្រែង៖​ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យវឌ្ឍន៍ភាពការងារ រដ្ឋបាលខេត្តប្រ​ចាំខែមករា ឆ្នាំ២០២០ និងលើកទិសភារកិច្ចបន្ត ក្នុងគោលបំណងត្រួតពិ​និត្យវឌ្ឍនភាពការងារ និងពង្រឹងកា​រអនុវត្តការ​ងារឱ្យកាន់​តែមានប្រសិទ្ធិភាពខ្ពស់។

កិច្ចប្រជុំនេះប្រព្រឹត្តទៅ​កាលពីរសៀលថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០នៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទា​វថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គណៈអភិបាលក្រុង ស្រុក ប្រធាន អនុប្រធាន​មន្ទីរអង្គភាពនានាក្នុងខេត្ត ទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់​ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តម ម៉ុម សារឿន មានប្រសាសន៍ថា ខេត្តស្ទឹងត្រែងកំពុងតែមានភាពរីកចំរើន លើគ្រប់វិស័យ​ជា​បន្តបន្ទាប់ ក្រោមការដឹកនាំ ប្រកបដោយការយកចិត្តទុកដាក់ របស់រាជរដ្ឋា​ភិបាលកម្ពុជា ដែល​មាន​សម្តេចតេជោជាប្រមុខ​ដឹកនាំ និងក្រោមការខិតខំប្រឹងប្រែង រួមសហកា​រពីប្រជាពលរដ្ឋ ថ្នាក់​ដឹកនាំ និងមន្ត្រីរាជការគ្រប់លំ​ដាប់​ថ្នាក់ រួមសហការគ្នាយ៉ាង​ល្អក្នុងកិច្ច​ដំណើរការអភិវឌ្ឍន៍ខេត្ត ឱ្យកាន់តែមានភាព​រីកចំរើនជាបន្តបន្ទាប់។

ឯកឧត្តមបានគូសបញ្ជាក់ថា សមិទ្ធិផលសំខាន់ៗ បានលេចចេញជារូបរាងឡើង ជាក់ស្តែងរ​យះពេ​លកន្លងមកនេះ សមិទ្ធិផលក្នុងខេត្ត​ជាច្រើនមានដូចជាផ្លូវបេតុង ផ្លូវក្រាលកៅស៊ូ និងគ្រួស​ក្រហម​ខ្វាត់ខ្វែងតាមទីក្រុង និងជនបទ រួមមានស្ពាន លូ រង្វង់មូលថ្មី សួនច្បារ ដំណាំកសិកម្ម អាគា​ររដ្ឋ​បាល មន្ទីរ អង្គភាពនិងអគារបម្រើ​សេវាសាធារណៈ​បានប្រកប​ដោយប្រសិទ្ធិភាព និងសមិទ្ធិផល​នានាជាច្រើនទៀត កំពុងត្រូវបានបន្តអនុវត្ត ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។
ទន្ទឹមនិងនោះ​ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរ អង្គភាពនានា​ទាំងអស់​ត្រូវបន្តខិត​ខំប្រឹងប្រែងក្នុង​ការអភិវឌ្ឍន៍ខេត្ត និងត្រូវបន្តផ្តល់​សេវាសាធារណៈ​ដល់ប្រជាពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់៕