សាខាបាទ​ក្រហមកម្ពុជា ​ខេត្តស្វាយរៀង ប្រកាស​សេចក្តីសម្រេចទទួល​ស្គាល់សមាសភាព គណៈ​កិត្តិយសអ​នុសាខាក្រុង

ខេត្តស្វាយរៀង៖នៅរសៀលថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០២០ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈ​កម្មាធិការសាខា​បាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង និងសហការី បានអញ្ជើញ​ជាគណៈអ​ធិបតីក្នុង​ពីធីប្រកាស​សេចក្តីសម្រេច​ទទួល​ស្គាល់​សមា​សភាពគណៈ​កិត្តិយសអនុសាខា​ក្រុងស្វាយរៀងចំនួន១១នាក់ គណៈកម្មាធិការ​អនុសាខា​ចំនួន១០នាក់ និងក្រុមកា​កបាទក្រហមឃុំចំនួន៣៤នាក់ សរុប៥៥អង្គ នាក់ ស្រី១៦នាក់មកពី៧ សង្កាត់​ក្នុងក្រុងស្វាយរៀង។

ពិធីនេះប្រារព្វធ្វើនៅ​សាលប្រជុំទីស្នាក់ការ​សាខាកាកប្របាទក្រហមកម្ពុជាខេត្ត។បន្ទាប់ពីលោក សរ វណ្ណា​ នាយកសាខា អាននូវសេ​ចក្តីសម្រេចទទួលស្គាល់សមាស ភាពគណៈកិត្តិយស គណៈកម្មាធិ​ការអនុសាខាក្រុង រួចមកលោក ណុប ចំរើន ប្រធានកិត្តយសអនុសាខាក្រុង មានចំណាប់អារម្មណ៍ និងបាន​ផ្តាំផ្ញើដល់លោក លោកស្រីទាំងអស់ដែលទើបតែប្រកាសទទួលស្គាល់ថ្មី ត្រូវខិតខំ​ប្រឹងប្រែង​លើការងារមនុស្សធម៌ ដើម្បីផល​ប្រយោជន៍ក្នុង​ការជួយសង្គ្រោះដល់​ប្រជាពលរដ្ឋដែល​ងាយរង​គ្រោះ និងរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ។

មានប្រសា​សន៍សំណេះសំណាលក្នុងពិធីនោះ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈ​កម្មាធិការ​សាខា​បាន​សម្តែងនូវម​នោសញ្ចេតនាដ៍កក់ក្តៅចំពោះ លោក លោកស្រី នៅក្នុងក្រុមប្រឹក្សា និងគណៈអ​ភិបាលក្រុង ស្ថាប័ននានាជុំវិញក្រុង ព្រះសង្ឃ អាជីវករ និងក្រុមប្រឹក្សាសង្កាត់ មានឆន្ទៈចូលរួម​ចែករំលែក​ពេលវេលាបំរើក្នុងបុព្វហេតុមនុស្សធម៌ដោយស្ម័គ្រចិត្ត នេះជាកម្លាំង​មនុស្សធម៌​នៅមូល​ដ្ឋាន ដើម្បីជាសេនាធិការ ឱ្យសាខា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅមូលដ្ឋាន។

ឯកឧត្តមក៏បានបញ្ជាក់ពីខ្លឹមសារ សំខាន់ៗសម្រាប់សាខា អនុសាខាត្រូវអនុវត្តឲ្យបា​នសមស្រមតាម​យន្តការ​នៃការដឹកនាំ ការគ្រប់គ្រងតាមបែបវិមជ្ឈការ ផ្សាផ្ជាប់ទៅនឹងវិស័យស្នូលទាំង៤ របស់កាក​បាទក្រហមកម្ពុជា ក្រោមកា​រដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទ​ក្រហមកម្ពុជា ដោយយកចិត្តទុកដាក់​ក្នុងការលើកកម្ពស់ មូលដ្ឋានគ្រឹះ សមត្ថភាពជំនាញ និង​ការ​ប​ម្រើឲ្យការងារមនុស្សធម៌ ដើម្បីធានាបាននូវកិត្តិនាមរបស់កាកបាទក្រហមកម្ពុជា ដែលជា​ជំនួយ​ការឲ្យរាជរដ្ឋាភិបាល និងអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌៕