ប្រធានក្រុមប្រឹក្សាខេត្តកំពត អញ្ជើញប្រកាស​ ដាក់ឲ្យដំណើរការរច​នាសម័្ពន្ធថ្មី នៃ​ស្រុកឈូក

ខេត្តកំពត៖ឯកឧត្ដម ជឹង ផល្លា ប្រធានក្រុម​ប្រឹក្សាខេត្តកំ​ពត នា​ព្រឹកថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ បាន​អញ្ជើញជាអ​ធិបតីក្នុងពិធី​ប្រកាស​ដាក់​ឲ្យដំណើរការរចនាសម័្ពន្ធថ្មី នៃស្រុកឈូក ខេត្តកំពត​ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ អង្គភាពនានា នាយករងរដ្ឋបាលខេត្ត​ ទីចាត់កា​រចំ​ណុះ​សាលាខេត្ត​ និងមន្ត្រីរាជការនៃសាលាស្រុកឈូក។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា ដើម្បីស​ម្រេចបាននូវគ្រប់ភារកិច្ចការងារ ចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភា​ពផ្ទៃក្នុង​ឲ្យបានល្អ​នៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងមាន​សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយ​ឈរលើ​មូលដ្ឋាន​នៃការលើកកម្ព​ស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរព​គោលការ​ណ៍នានា​របស់រដ្ឋ និងពង្រឹងរបៀបរ​បបធ្វើការ ដើម្បីលើក​កម្ពស់ការទទួលខុសត្រូវ ក្នុងការបំពេញតួនាទី ភារកិច្ចរ​បស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយត​បចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែន​សមត្ថកិច្ចរបស់ខ្លួន។

ឯកឧត្ដម ប្រធាន បានបញ្ជាក់បន្ថែមទៀតថា ខ្ញុំមានក្តីសង្ឃឹម​យ៉ាងមុតមាំថា ក្រុមប្រឹក្សា គណៈ​អភិបាល និ​ងមន្ត្រីរាជការ​ ព្រមទាំងប្រជាព​លរដ្ឋទាំងអស់​នៃស្រុកឈូក នឹងខិតខំបំពេញ​ការងាររួម​គ្នា ដើម្បីសម្រេច​បាននូវ សមិទ្ធផលថ្មីៗ​ថែមទៀតប​ន្ទាប់ពីដាក់ឲ្យដំណើរ​ការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុក ៕