កិច្ចប្រជុំពិភាក្សា និងឈ្វេងយល់ការងារ ​រវាងគណៈកម្មការទី១ នៃរដ្ឋសភា ជាមួយ​រដ្ឋបាល​ខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖នាព្រឹកថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន ​អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញ​ទទួល​ស្វាគ​មន៍ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ដែលទទួល​បន្ទុកគណៈ​កម្មការ​ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងជាមួយរដ្ឋសភា និងព្រឹទ្ធសភា(គណៈកម្មការទី១) ដើម្បីពិ​ភាក្សាការងារ និងឈ្វេងយល់អំពីការរីកចំរើនរបស់ខេត្ត និងយន្តការដោះស្រាយទំនាស់ដីធ្លី។

ពិធីនេះបានធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំ​ទាវ​សមាជិកគណៈកម្មការទី១ កងកម្លាំងទាំងបីប្រភេទ លោកអភិបាល អភិបាលរងក្រុង ស្រុក ប្រធាន​មន្ទីរ អង្គភាពពាក់ព័ន្ធ ផងដែរ។

ក្នុងឱកាសនោះឯក​ឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានជំរាបជូនទៅគណៈ​កម្មការទី​១នៃរដ្ឋសភា​ដោយលើកឡើង​នៅក្នុងរបាយការណ៍ស្វាគមន៍ថា៖នាពេលបច្ចុប្បន្នខេត្តស្ទឹងត្រែង ការ​អនុវត្តគោលន​យោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលទទួលបានសមិទ្ធផលជាបន្តបន្ទាប់ និង​មាន​ការអភិវឌ្ឍរី​កចំរើនគួរឲ្យកត់សម្គាល់។ទន្ទឹម​នេះក៏មានការដោះស្រាយបញ្ហាជំ​នាស់ដីធ្លី វិវាទដីធ្លី និងបានស្រា​វជ្រាវដោះស្រាយជាបន្ទាប់ ព្រមទាំងដោះ​ស្រាយបណ្តឹង​របស់ប្រជាពលរដ្ឋ តាមរយៈ​យន្ត​ការគណៈកម្មការរដ្ឋបាល។

គណៈប្រតិភូ​គណៈកម្មការទី១ នៃរដ្ឋសភាបានផ្តល់​នូវការគាំទ្រចំពោះ​ដំណោះស្រាយ​របស់អាជ្ញាធរ​ខេត្តស្ទឹងត្រែង ដែលបានខិតខំដោះស្រាយបាន នូវទំនាស់​ដីធ្លីដ៏រ៉ាំរ៉ៃនិងស្មុគ្រស្មាញ ដែលលើក​ឡើង​នៅក្នុងរបាយការណ៍ស្វាគមន៍របស់ឯកឧត្តមអ​ភិបាលខេត្ត។

ជាមួយគ្នា​នេះសមាជិកប្រតិភូគណៈ​កម្មការទី១ ក៏បានលើកជាសំណួរ និងជំរុញទៅអាជ្ញាធរ នៃរដ្ឋ​បាល​ខេត្ត និងបណ្តាស្ថាប័​នមន្ទីរអង្គភាពពាក់ព័ន្ធ បន្តដោះស្រាយបញ្ហាផ្សេងទៀត ប្រកបដោយ​ប្រសិទ្ធភាព​ និងតម្លាភាព ដែលភាគីទាំងសងខាងអាចទទួលយកបានទាំងអស់គ្នា។

ឯកឧត្តម​ ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការទី១នៃរដ្ឋសភា បានថ្លែងអំណរគុណ​ចំពោះអាជ្ញាធរ នៃរដ្ឋ​បាល​ខេត្តស្ទឹងត្រែង និងមន្ទីរពាក់ព័ន្ធទាំងអស់ ដែលបាន​ផ្តល់កិច្ចសហកា​រជាមួយ និងក្រុម​ការងា​រគណ:កម្មការទី១ នៃរដ្ឋសភា និងបានឈ្វេង​យល់ពីការងាររបស់រដ្ឋបាល​ខេត្ត ដែលបាន​ខិតខំប​ម្រើប្រជាពលរដ្ឋទូទាំងខេត្តបានល្អប្រសើរជាមួយនិងការខិតខំដោះស្រាយនូវបញ្ហាផ្សេងៗ

ពិសេសបញ្ហាទំនាស់ដីធ្លី តាមរយៈពង្រីកការដោះស្រាយនិងបង្រួមទំនាស់ដីធ្លីទាំងនេះ។

ជាការកត់សម្គាល់ទៀតនោះ បានធ្វើឲ្យខេត្ត​នេះប្រកបដោយ​សក្តានុពលសេដ្ឋកិច្ច​លើគ្រប់វិស័យ និងមានការរីកចម្រើនប្រែមុខមាត់កាន់ តែប្រសើរឡើងថែមទៀតផង៕