លោកជំទាវកិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន ផ្តល់នូវអានុសាសន៍ ៧ចំណុច សម្រាប់ដាក់ឲ្យស​មាគមនារី ​និងគណៈចលនាស្រ្តី អនុវត្តបន្ត

រាជធានីភ្នំពេញ៖នារសៀលថ្ងៃអាទិត្យ ៨រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព..២៥៦៣ ត្រូវនឹងថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ​​ឧបនាយករដ្ឋមន្រ្តី រដ្ឋម​ន្រ្តីក្រសួង​ទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច បាន​អញ្ជើញជាអធិបតីក្នុងពិ​ធីបិទសន្និបា​តបូក​សរុប លទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ របស់គណៈចលនាស្ត្រី និង​សមាគ​មនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដោយមានការចូលរួ​មពីសំណាក់ពី​គណៈកម្មាធិ​ការកណ្តាលសមាគមនារី គណៈចលនាស្ត្រី សមាជិការដ្ឋសភា ព្រឹទ្ធសភា សមាជិការាជរដ្ឋាភិបាល ប្រធានកិត្តិយសសមាគម ថ្នាក់ដឹកនាំនារីក្រសួង ស្ថាប័ន រាជធានី ខេត្ត សប្បុរសជន និងមន្ត្រីរ​បស់សមា​គមនារី ចូលរួមសរុបចំនួន៣៥០នាក់ នៅរាជធានីភ្នំពេញ។

ក្នុងឱកាសនោះដែរលោកជំទាវក៏បានផ្តល់នូវអានុសាសន៍ ៧ចំណុច សម្រាប់ដាក់ឲ្យសមាគម និងគ​ណៈច​លនាស្រ្តី អនុវត្តបន្តរួមមាន​៖

-​អនុវត្តឱ្យបានខ្ជាប់ខ្ជួន និងផ្សព្វផ្សាយឱ្យបានទូលំទូ​លាយ នូវគោលនយោបាយរបស់គណបក្ស និង​ខ្លឹមសារឯកសារសន្និបា​តគណៈកម្មាធិការកណ្តាល លើកទី ៤២ អាណត្តិ ទី៥។

អនុវត្ត​ឱ្យបានជោគជ័យនូវទិសដៅ​ការងារ របស់សមាគមនារី និងក្រុមចលនាស្ត្រី ដោយយកចិត្ត​ទុកដាក់ លើការពង្រឹងសតិអារម្មណ៍នយោបាយ បង្កើនស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង​ឱ្យកាន់​តែរឹងមាំ។

ពង្រឹង និងបង្កើនប្រសិទ្ធភាពដឹកនាំ និងកិច្ចសហការជាមួយគណបក្សគ្រប់លំដាប់ថ្នាក់ ក្រុមការ​ងារនយោបាយ គណៈចលនាមហាជន គណៈចលនាយុវជន សប្បុរសជន អង្គការ សមាគម ដែល​ធ្វើសកម្មភាពនៅទូទាំងប្រទេស និងផ្នែកដែលពាក់ព័ន្ធ ។

រក្សាទំ​នាក់ទំនងជិតស្និតជាមួយប្រជាពលរដ្ឋ ពង្រីកទំនាក់ទំនងល្អជាមួយ​កម្លាំងគាំទ្រគណ​បក្ស​ចុះមូលដ្ឋានជាប់ជាប្រចាំ ជួបប្រជុំជាមួយបងប្អូននារី ដើម្បីពង្រឹងសតិអារម្មណ៍ និងរក្សា​ប្រៀប​ខ្លាំងរបស់គណបក្ស។​ចិញ្ចឹមចលនា និងធ្វើបច្ចប្បន្នភាពកម្លាំងស្រ្តីក្នុងគណបក្ស បន្តជម្រុញពង្រីក​សមាគមនារី ។

ចូលរួមអបអរសាទរទិវា​អន្តរជាតិនារី ៨មិនាលើកទី១០៩ ក្រោមប្រធានបទ «មានសន្តិភាព មាន​កា​រលើកកម្ពស់សមភាពយេនឌ័រ» និង ចូលរួមនិងគាំទ្រសកម្មភាព «អរគុណសន្តិភាព»

ពង្រឹងសីលធម៌រស់នៅស្អាតស្អំ រក្សាប្រពែណីល្អ និងសេចក្តីថ្លៃថ្នូរបស់ជាតិយើង ជាពិសេស​ការផ្តល់តម្លៃស្រ្តី និងការថែរក្សាការពារកិត្តិយស និងជួយទប់ស្កាត់អំពើពាលាអាវ៉ាសែ ការសេព​គ្រឿងញៀន និងគ្រឿងស្រវឹង ។

ដោយ​មើលឃើញថា ចំនួនស្រ្តីដែលកំពុងបំពេញភារកិច្ចជាអ្នកដឹកនាំនៅគ្រប់លំដាប់ថ្នាក់ និងគ្រប់វិស័យ​នៅមានចំនួនតិច មិនទាន់ឆ្លើយតបទៅនឹងតម្រូវការរបស់ស្រ្តីនៅឡើយ ដូចនេះ ខ្ញុំស្នើសុំឱ្យ​បងប្អូននារីយើង ខិតខំពង្រឹងសមត្ថភាពខ្លួនជាប្រចាំ ទាំងផ្នែកជំនាញ និងបច្ចេក​ទេសឱ្យ​ឆ្លើយតបទៅនឹងសំណូមព​រការងារនាពេលបច្ចុប្បន្ន ដើម្បីបង្កើនចំនួនស្រ្តី ក្នុងជួរថ្នាក់ដឹ​កនាំឱ្យ​បានច្រើន។​ជាពិសេស ស្នើសុំឱ្យថ្នាក់ដឹកនាំ​គ្រប់ថ្នាក់បន្តយកចិត្តទុក​ដាក់លើការផ្តល់តួនា​ទីឱ្យស្រ្តី​មានមុខតំណែង ជាអ្នកធ្វើសេចក្តីសម្រេចឱ្យបានច្រើនថែមទៀតទាំងក្នុងវិស័យនយោបាយ និងវិស័យ​មុខងារសាធារណៈ ៕