ឯកឧត្តមអភិបាល ខេត្តព្រះសីហនុ ផ្តាំផ្ញើប្រធានរតនាគារថ្មី ខិតខំលើកកម្ពស់សមត្ថភាព ប្រមូលផ្តុំ​សាមគ្គីភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការងារសង្គម បម្រើសេវាសាធារណ:​ផ្នែកហិរញ្ញវត្ថុ

ខេត្តព្រះសីហនុ៖តាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ ០០១សហវ. ប្រក សម្រេចតែងតាំង លោក សួន ដារ៉ារិទ្ធ អនុប្រធានរតនាគា​រខេត្តព្រះសីហនុ ជាប្រធានរត​នាគារ​ខេត្តព្រះសីហនុជំនួសលោក ងូវ សេរីច័ន្ថន ដែ​លត្រូវចូលនិវត្តន៍។

ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានរតនាគារខេត្តព្រះសីហនុ បានធ្វើឡើង​កាលពីព្រឹកថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២០ នៅ​សា​លាខេត្ត​ព្រះ​សីហនុ ក្រោមអធិបតីភាពឯកឧត្តម វង្ស សណ្តាប់ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង​ហិ​រញ្ញវត្ថុ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាល​ខេ​ត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ទីរ អង្គភាព ពាក់ព័ន្ធ​ផងដែរ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានវាយតម្លៃ​ការខិតខំប្រឹង ប្រែងបំរើការងារបានល្អ របស់លោកប្រធានចាស់ ដែលបានបំពេញការងាររយ:ពេល ៤២ឆ្នាំ រហូតចូលនិវត្តន៍។ក្នុងនោះឯកឧត្តមបានផ្តាំផ្ញើលោកប្រធានរតនាគារថ្មី បន្តខិតខំ​លើកកម្ពស់​សមត្ថភាព ប្រមូលផ្តុំសាមគ្គីភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវ ការងារសង្គមប​ម្រើសេវាសាធារ​ណ:​ផ្នែកហិរញ្ញវត្ថុ រួមចំណែកអភិវឌ្ឍ​ខេត្តព្រះសីហនុ ព្រមទាំងផ្ដាំផ្ញើដល់ប្រធានថ្មី​បន្តខិតខំដឹកនាំ​មន្ត្រី​ក្រោមឱវាទ និងកិច្ចសហប្រតិបត្តិការសា​មគ្គីភាពជាមួយមន្ទីរអង្គភាព​ពាក់ព័ន្ធ​ប្រកបដោយ​គុណ​ភាព និងគុណផល បន្តរួមចំណែកជាមួ​យរដ្ឋបាលខេត្ត​លើកិច្ចការទូទាត់​ហិរញ្ញវត្ថុសា​ធារណៈប្រ​កបដោយប្រសិទ្ធភាព ។

ជាមួយគ្នានោះដែរឯកឧត្តម វង្ស សណ្តាប់ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មាន​ប្រសាសន៍ កោតសរសើរស្នា​ដៃលោកប្រធានចាស់ ដែលបានដោះស្រាយបញ្ហា​ប្រឈមជាច្រើនក្នុង​ការបំពេញការងាររយៈពេល ៤២ឆ្នាំកន្លងមក​នេះស្របតាមកំណែទ​ម្រង់ស៊ីជម្រៅយុទ្ធសា​ស្ត្រចតុ​កោណ​ទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងបានផ្ដាំផ្ញើដល់លោកប្រធា​នរតនាគារខេត្តព្រះសីហនុថ្មី ត្រូវអនុវត្តតួនាទីឱ្យបានខ្ជាប់​ខ្ជួនរាល់ផែនការ សកម្មភាពរបស់រាជរដ្ឋាភិបាល ក៏ដូច​ជាក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុជាពសេសការអនុវត្តអនុក្រម៥ យ៉ាងរបស់​សម្ដេចអគ្គមហាសេ​នាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាបាវចនាពីរយ៉ាង និងអភិក្រម៤ របស់ឯ​កឧត្តមអគ្គបណ្ឌិតស​ភាចារ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ក្នុងក្រប​ខណ្ឌបង្កើន​សមត្ថភាពការ​ងារកាន់តែល្អថែមទៀត៕