រដ្ឋបាលខេត្តកែប បើកកិច្ចប្រជុំផ្សព្វផ្សាយ​ពីខ្លឹមសារ សេចក្តីណែនាំលេខ ១៦២២ សជណ របស់​ក្រសួង​មហាផ្ទៃ

ខេត្តកែប៖ឯកឧត្តម​ សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប កាលពីព្រឹកថ្ងៃទី២២ ខែមិថុ​នា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយពីខ្លឹមសា​រសេចក្តីណែនាំលេខ ១៦២២ សជណ របស់​ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងការគ្រប់គ្រ​ងការងារនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅសា​លាខេត្ត​កែប ដែលមាន​ការចូលរួមដោយលោ​កឧត្តមសេនីយ៍ វរសេនីយ៍ មេបញ្ជាការ ស្នងកា​រកង​កម្លាំង​ប្រដាប់អាវុធ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល នៃគណៈអភិបាលក្រុង ស្រុក លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយក នាយិកាទីចាត់ការ ប្រធាន​អង្គភាព ប្រធានផ្នែក ចំណុះរចនាសម្ព័ន្ធរដ្ឋបាលខេត្ត សរុបប្រមាណ៥០រូប​។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ ឯកឧត្តម សោម​ ពិសិដ្ឋ អភិបាលខេត្ត បានបញ្ជាក់ថា ក្នុងគោ​លបំ​ណ​ងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង ការផ្តល់សេវាសាធារណៈ និងការ​អភិវឌ្ឍមូលដ្ឋា​ននៅ​ថ្នាក់ក្រុង ស្រុក ខណ្ឌ តាមគោលការណ៍ រដ្ឋបាលឯកភាព រាជរដ្ឋាភិបាល បានដាក់ចេញ​អនុក្រឹត្យ​ស្ដីពីមុខងារ និងរ​ចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដោយបានធ្វើសមា​ហរណកម្មការិយាល័យ​ជំនាញនានារបស់ក្រសួងនៅថ្នាក់ក្រុង ស្រុក ខណ្ឌ ទៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌរួចរាល់អស់ហើយ។

ឯកឧត្តមបានបញ្ជាក់​ទៀតថា ក្នុងបរិបទថ្មីនេះ ដើម្បីពង្រឹងការគ្រប់គ្រង និងការចាត់ចែ​ងការងាររ​បស់​រដ្ឋបាលក្រុង ស្រុក ខណ្ឌឱ្យកាន់តែមាន ប្រសិទ្ធភាពស្រប​តាមគោលការណ៍ច្បាប់ និងលិខិត​បទ​ដ្ឋានគតិយុត្តជាធរមាន យើងត្រូវតែកំណត់រាល់លិខិតរដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុកដែលត្រូវ​ទំ​នាក់ទំនងជាមួយក្រសួង ស្ថាប័ន មន្ទីរ អង្គភាពនានាទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិដទៃទៀត ព្រមទាំងស្ថាប័នមិន​មែនរដ្ឋ ត្រូវចុះហត្ថលេខាដោយថ្នាក់ដឹកនាំ ឬអ្នកប្រគល់សិទ្ធ នៃរដ្ឋបាល ក្រុង ស្រុក ប្រើប្រាស់​ត្រា និងចុះលេខលិខិតរ​បស់រដ្ឋបាលក្រុង ស្រុកសាមីនីមួយៗ។ ហើយចំពោះការផ្តល់​សេវា អភិបាលក្រុង ស្រុក ត្រូវកំណត់ក្របខណ្ឌពេ​លវេលាជាក់លាក់​សម្រាប់​កា​រពិនិត្យ សម្រេច និងចុះហត្ថលេខា លើឯកសារពាក់ព័ន្ធនឹងប្រភេទសេវានីមួយៗ ដែលត្រូវផ្តល់​ជូន​ប្រជាពលរដ្ឋ និងត្រូវអនុវត្តតាមក្របខណ្ឌពេល​វេលាដែលបានកំណត់ឱ្យបានម៉ឺងម៉ាត់។

ជាមួយគ្នានេះឯកឧត្តម អភិបាលខេត្ត បានសង្កត់ធ្ងន់ៗ ទៅលើលោក លោកស្រីប្រធាន​មន្ទីរអង្គភាព​ជុំវិញ​ខេត្ត លោកស្រីដែលជាអភិបាលក្រុងស្រុកថា ត្រូវតែអនុវត្តន៍តួនាទី​ភារកិច្ចឲ្យបាន​ត្រឹមត្រូវតាម​ការណែនាំរបស់ថ្នាក់ជាតិ ព្រមទាំងជម្រុញការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សបំផុត៕