រដ្ឋបាលខេត្តស្វាយរៀង បើកវគ្គតម្រង់​ទិស​ ស្តីពីកា​រគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ដើម្បីចែករំ​លែក​ចំណេះដឹង និងបទ​ពិសោធន៍

ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូន ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះឯកឧត្តម ម៉ែន វិបុលអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអ​ញ្ជើញ​ជាអធិបតីក្នុងពិធី បើកវគ្គតម្រង់ទិស ស្តីពីការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក។

ពិធីនេះបានធ្វើឡើងនៅសាលប្រជុំអាគារ(ឃ)សាលាខេត្តស្វាយរៀង ដោយមានការ​អញ្ជើញចូលរួម​ពីឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរមុខងា​រសាធារ​ណៈ​ខេត្ត លោកប្រធានក្រុមប្រឹក្សាក្រុង ស្រុក ទាំង៨ លោកអភិបាល អភិបាលរង ក្រុងស្រុកទាំង៨ លោក លោកស្រីប្រធានការិយាល័យ និងអង្គភាពទាំង១៣ ចំណុះរដ្ឋបាលក្រុង ស្រុកទាំង៨ និងគ្រូ​បង្គោ​លអញ្ជើញមកពីសាលាជាតិរដ្ឋបាលមូលដ្ឋាន ចំនួន២រូប សរុបវត្តមានចំនួន២៤០នាក់។

ក្នុងឱកាសនោះឯកឧត្តម​អភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍ អរគុណចំពោះ​គណៈអធិបតី​ព្រមទាំង​សិក្ខាកាមទាំងអស់ដែលជាថ្នាក់ដឹកនាំ ក៏ដូចជាមន្រ្តីរាជការនៅតាមរដ្ឋបាលក្រុង ស្រុក នៅក្នុងខេត្តស្វាយរៀង ដែលបានចំណាយពេលវេលារបស់ខ្លួន ដើម្បីចែករំលែកចំណេះដឹង និងបទ​ពិសោធន៍ ក៏ដូចចូលរួមនៅក្នុងវគ្គតម្រង់ទិសដ៏មានសារៈសំខាន់នៅថ្ងៃនេះ។

ឯកឧត្តមបន្តថា ការដាក់ឱ្យដំណើរការនូវរចនាសម្ព័ន្ធថ្មី​ នៃរដ្ឋបាលក្រុង​ ស្រុក​ ខណ្ឌនាពេលនេះ មាន​អត្ថន័យយ៉ាងជ្រាលជ្រៅមកលើប្រព័ន្ធគ្រប់គ្រងរដ្ឋបាល នៅថ្នាក់ក្រោមជាតិបន្ថែមទៀតដូចជា៖
១-ការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមគោលការណ៍​ នៃរដ្ឋបាល​ឯកភាពដែល​មានលក្ខណៈ​ពេញលេញ ដើម្បីបង្កើត ជំរុញ និងធ្វើឱ្យមានចីរភាព ដល់ការអភិវឌ្ឍតាមបែប​ប្រជាធិបតេយ្យ​នៅថ្នាក់​ក្រោមជាតិស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
២-ការផ្លាស់ប្តូរនូវខ្សែគណនេយ្យភាព និងរបៀបរបបនៃការបំពេញការងារមានន័យ ថារដ្ឋបាល​ក្រុងស្រុក ខណ្ឌ ដែលជាតំណាងឱ្យរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន នៅថ្នាក់រដ្ឋបាលរបស់ខ្លួន ត្រូវដើរតួនាទីក្នុងការសម្របសម្រួល ដឹកនាំគ្រប់សកម្មភាព ឬកិច្ចការងារដែល​ស្ថិតក្នុងដែន​សមត្ថកិច្ចរបស់ខ្លួន ហើយរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល និង​ក្រសួង ស្ថាប័ន ចំពោះវិស័យដែលក្រសួង ស្ថាប័ន នីមួយៗទទួលខុសត្រូវ។

ជាងនេះទៅទៀតឯកឧត្តមអភិបាលខេត្ត បានជម្រុញ និងលើកទឹកចិត្តឱ្យ​សិក្ខាកាមទាំងអស់​បើកចិត្តឱ្យទូលា​យទទួលយកចំណេះដឹង និងបទពិសោធន៍ថ្មីៗដែលមានប្រយោជន៍ ព្រមទាំង​ទុកការ​ងាររបស់ខ្លួនមួយឡែក និងត្រូវចូលរួមឱ្យបានសកម្មក្នុងវគ្គតម្រង់ ទិសតាំង​ពីដើមរហូត​ដល់ចប់កម្មវិធី និងខិតខំធ្វើ​ការឆ្លុះបញ្ចាំងឱ្យបានផុសផុលរវាងសិក្ខាកាម និងសិក្ខាកាម និងរវាង​សិក្ខាកាម និងគ្រូឧទ្ទេស៕