សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ចូលរួមកិច្ចប្រជុំកំពូល​អាស៊ានលើកទី៣៦ ក្រោម​ប្រមូលបទ «ភាព​ស្អិត​រមួត និងការឆ្លើយតប»

រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញចូលរួមកិច្ចប្រ​ជុំកំពូលអាស៊ានលើកទី៣៦ ក្រោមមូលបទ «ភាព​ស្អិតរមួត និងការឆ្លើយតប» ដែលធ្វើឡើងតាមរ​យៈប្រព័ន្ធវីដេអូ ( Video Conference) នៅវិ​មានសន្តិ​ភាព។កិច្ចប្រជុំនេះធ្វើឡើងតបតាមការអញ្ជើ​ញរបស់ លោក ង្វៀន សួនហ្វុក នាយករដ្ឋម​ន្ត្រីវៀត​ណាម​។

ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើ​កទី៣៦ ថ្ងៃនេះ ថ្នាក់ដឹកនាំអាស៊ាននឹ​ងផ្តោតការយកចិត្ត​ទុកដាក់លើ​កិច្ចខិតខំប្រឹង​ប្រែងរួមរបស់អាស៊ាន ក្នុងការដោះ​ស្រាយជំងឺរាតត្បាតជាសកលកូវីដ-១៩ និងការ​លើក​កម្ពស់ការស្តារសេដ្ឋកិច្ច-សង្គម ក្រោយជំងឺកូវីដ-១៩។កិច្ចប្រជុំនេះក៏នឹងពិភាក្សាផងដែរលើវិធី និងមធ្យោ​បាយនានា ដើម្បីសម្រេចបាននូវចក្ខុវិស័​យសហគមន៍អាស៊ាន​ឆ្នាំ២០២៥ និងទំនាក់ទំន​ងរប​ស់អាស៊ានជាមួយដៃ​គូខាងក្រៅ និងសហគមន៍អន្តរជាតិ។

​សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏នឹង​អញ្ជើញចូលរួមកិ​ច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត រួម​មាន៖​សម័យប្រជុំពិ​សេសរប​ស់ថ្នាក់ដឹកនាំអាស៊ា​ន នាឱកាសកិច្ចប្រ​ជុំកំពូលអាស៊ានលើកទី៣៦ ស្តី​ពីកា​រលើកកម្ពស់តួនាទីស្រ្តីក្នុងយុគសម័យឌីជីថល (Digital), កិច្ចប្រជុំថ្នាក់​ដឹកនាំអាស៊ាន​ជាមួយ​តំ​ណាងអន្តរស​ភាអាស៊ាន, កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងយុវជនអាស៊ាន និងកិច្ចប្រជុំថ្នា​ក់​ដឹក​នាំអា​ស៊ានជាមួយតំណាងក្រុមប្រឹក្សាផ្តល់​យោបល់​ធុរកិច្ចអាស៊ាន៕