អ្នកនាំពាក្យ​ ក្រសួងសុខាភិបាល​ អំពាវនាវ​ឲ្យ​ពលរដ្ឋ បន្ត​ការពារ​ខ្លួន កុំ​ភ្លេច​វីរុស​កូ​វីដ​-១៩​ ឲ្យ​សោះ

រាជធានី​ភ្នំពេញ៖ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន បញ្ជាក់​ពី​ការរកឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ចំនួន​៩​នាក់​ថ្មី​ទៀត លើ​បងប្អូន​ខ្មែរ​៨​នាក់ និង​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់ ដែល​ធ្វើដំណើរ​ពី​ប្រទេស​ឥណ្ឌូណេស៊ី​ត្រឡប់មក​កម្ពុជា​ អ្នកជំងឺ​កូ​វីដ​១៩​ថ្មី​ ទាំង​៩​នាក់ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត(​ពេទ្យរុស្ស៊ី​) រួចរាល់​ហើយ​។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២០​នេះ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ១៣៩​នាក់​។ ក្នុងនោះ ១២៩​នាក់ បាន​ព្យាបាល​ជាសះស្បើយ ខណៈ​១០​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។

ពាក់ពន្ធ័បញ្ហានេះដែរលោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ បាន​អំពាវនាវ​ដល់​បងប្អូន​ទាំងអស់​បន្ត​ការពារ​ខ្លួន កុំ​ភ្លេច​វីរុស​កូ​វីដ​១៩ ដ៏កាច​សាហាវ​នេះឲ្យ​សោះ វាមិនដែល​ភ្លេច​យើង​ទេ រង់ចាំតែ​មានឱកាស មានការ​ធ្វេសប្រហែស និង​ឲ្យ​តែមាន​ពេល​ចន្លោះ​តែមួយ​ភ្លែតៗ​ដែល​យើង​មិនបាន​ការពារ​ខ្លួន វីរុស​ដ៏​កាច​សាហាវ​នេះ នឹង​អាច​ឆ្លង​មក​ចូលខ្លួន​យើង​ហើយ​។

ជាមួយគ្នានេះ លោកជំទាវ​បាន​ណែនាំ​ថា មានតែ​ការការពារ​តាម​វិធាន​ការដែល​បាន​ណែនាំ​ដោយ​ក្រសួងសុខាភិបាល​ជារឿយៗ​នោះទេ ដែល​អាចជួយ​បងប្អូន ចៀស​ផុតពី​គ្រោះកាច​ចង្រៃ​នៃ​ការចម្លង​ជំងឺ​កូ​វីដ​១៩ នេះ​បាន​៕